១០
លោក​ណាដាប់ និង​លោក​អប៊ីហ៊ូវ​បាត់​បង់​ជីវិត ក្រឹត្យវិន័យ​ស្ដី​អំពី​ការ​កាន់​ទុក្ខ​បូជាចារ្យ
១ កូន​ប្រុស​របស់​លោក​អើរ៉ុន ឈ្មោះ​ណាដាប់ និង​អប៊ីហ៊ូវ បាន​កាន់​ភាជន៍​ម្នាក់​មួយ ដោយ​ដាក់​រងើក​ភ្លើង​ក្នុង​នោះ ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ទៀត​ផង។ ពួក​គេ​យក​ភ្លើង​ពី​ខាង​ក្រៅ​ចូល​ទៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ផ្ទុយ​ពី​បញ្ជា​របស់​ព្រះអង្គ។ ២ ពេល​នោះ មាន​ភ្លើង​ចេញ​ពី​ព្រះអម្ចាស់ ឆេះ​ពួក​គេ​ស្លាប់ នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ។
៣ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​អោយ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​វិសុទ្ធ*​របស់​យើង ហើយ​អោយ​ពួក​គេ​លើក​តម្កើង​សិរីរុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល”»។ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។
៤ លោក​ម៉ូសេ​ហៅ​លោក​មីសាអែល និង​លោក​អែលសាផាន ជា​កូន​របស់​លោក​អ៊ូស៊ាល ដែល​ត្រូវ​ជា​ឪពុក​មា​លោក​អើរ៉ុន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាកសព​បង​ប្អូន​របស់​អ្នក​ពី​ទីសក្ការៈ ចេញ​ទៅ​ក្រៅ​ជំរំ»។ ៥ ពួក​គេ​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ ដោយ​រុំ​សាកសព​នឹង​អាវ​វែង ហើយ​សែង​ចេញ​ទៅ​ក្រៅ​ជំរំ។
៦ បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន ព្រម​ទាំង​លោក​អេឡាសារ និង​លោក​អ៊ីថាម៉ារ ជា​កូន​របស់​លោក​អើរ៉ុន​ថា៖ «មិន​ត្រូវ​កោរ​សក់ ឬ​ហែក​សម្លៀកបំពាក់ ដើម្បី​កាន់​ទុក្ខ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ជា​មួយ​សហគមន៍​ទាំង​មូល។ ចូរ​ទុក​អោយ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា កាន់​ទុក្ខ​អ្នក​ដែល​ស្លាប់ ដោយសារ​ភ្លើង​របស់​ព្រះអម្ចាស់​ចុះ។ ៧ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចាក​ចេញ​ពី​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ចាក់​ប្រេង​តែងតាំង​អោយ​នៅ​បំរើ​ព្រះអម្ចាស់»។ លោក​អើរ៉ុន និង​កូន​របស់​លោក ក៏​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ។
ច្បាប់​សំរាប់​បូជាចារ្យ
៨  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ ៩ «មុន​ពេល​ចូល​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​អ្នក និង​កូន​របស់​អ្នក មិន​ត្រូវ​ផឹក​ស្រា​ទំពាំងបាយជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​ច្បាប់​សំរាប់​អ្នក​រាល់​គ្នា​គ្រប់​ដំណ​ត​រៀង​ទៅ ឥត​ប្រែប្រួល​ឡើយ។ ១០ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ ១១ ហើយ​អ្នក​រាល់​គ្នា​អាច​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​យើង​ប្រគល់​អោយ​ពួក​គេ តាម​រយៈ​ម៉ូសេ»។
១២ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក ឈ្មោះ​អេឡាសារ និង​អ៊ីថាម៉ារ ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ថ្វាយ​តង្វាយ​ម្សៅ ដែល​ដុត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំបុ័ង​ឥត​មេ ហើយ​បរិភោគ​នំបុ័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំបុ័ង​នេះ​ជា​អាហារ​ដ៏វិសុទ្ធ​បំផុត។ ១៣ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះអម្ចាស់ តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ព្រះអង្គ។ ១៤ រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ ដែល​គេ​លើក​ថ្វាយ​ព្រះអម្ចាស់ គឺ​យញ្ញបូជា​មេត្រីភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សំរាប់​បង និង​កូន​របស់​បង។ ១៥ ពេល​ជន​ជាតិ​អ៊ីស្រាអែល​យក​ខ្លាញ់​មក​ដុត​ថ្វាយ​ព្រះអម្ចាស់ ពួក​គេ​ត្រូវ​យក​សាច់​ភ្លៅ និង​សាច់​ទ្រូង លើក​ថ្វាយ​ព្រះអម្ចាស់ រួច​ប្រគល់​អោយ​បង និង​កូន​ៗ​របស់​បង ទុក​ជា​ចំណែក​ដែល​បង​ត្រូវ​ទទួល​រហូត​ត​រៀង​ទៅ ដូច​ព្រះអម្ចាស់​បាន​បង្គាប់»។
១៦ លោក​ម៉ូសេ​សួរ​រក​ពពែ​ឈ្មោល ដែល​ជា​តង្វាយ​រំដោះ​បាប រួច​លោក​ជ្រាប​ថា​គេ​បាន​ដុត​វា​ផុត​ទៅ​ហើយ។ លោក​ក៏​ខឹង​នឹង​លោក​អេឡាសារ ព្រម​ទាំង​លោក​អ៊ីថាម៉ារ ជា​កូន​របស់​លោក​អើរ៉ុន​ដែល​នៅ​រស់។ លោក​សួរ​ពួក​គេ​ថា៖ ១៧ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប នៅ​ក្នុង​កន្លែង​សក្ការៈ? ដ្បិត​សាច់​នេះ​ជា​អាហារ​ដ៏វិសុទ្ធ​បំផុត ដែល​ព្រះអម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដក​បាប​ចេញ​ពី​សហគមន៍ និង​ធ្វើ​ពិធី​រំដោះ​បាប​ពួក​គេ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់១៨ ដោយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ឈាម​របស់​សត្វ ចូល​មក​ក្នុង​កន្លែង​សក្ការៈ​ទេ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​សាច់​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ដូច​ខ្ញុំ​បាន​បង្គាប់»។ ១៩ លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​ស្ដាប់​បង​សិន ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​នាំ​យក​យញ្ញបូជា ដើម្បី​រំដោះ​បាប និង​យក​តង្វាយ​ទាំង​មូល មក​ថ្វាយ​ព្រះអម្ចាស់ ប្អូន​ជ្រាប​អំពី​រឿង​ដែល​កើត​មាន​ដល់​បង​ស្រាប់​ហើយ ថ្ងៃ​នេះ ប្រសិន​បើ​បង​ទទួល​ទាន​សាច់​ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប តើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ដែរ​ឬ?»។ ២០ លោក​ម៉ូសេ​យល់​ស្រប​នឹង​ពាក្យ​នេះ។