លោក​អើរ៉ុន និង​កូន​ៗ​ថ្វាយ​យញ្ញបូជា​លើក​ដំបូង
១ នៅ​ថ្ងៃ​ទី​ប្រាំបី លោក​ម៉ូសេ​កោះ​ហៅ​លោក​អើរ៉ុន កូន​ប្រុស​របស់​លោក និង​អស់​លោក​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​អោយ​មក។ ២ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សំរាប់​ធ្វើ​យញ្ញបូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​នាំ​សត្វ​ទាំង​ពីរ​ទៅ​ថ្វាយ​ព្រះអម្ចាស់៣ បន្ទាប់​មក ត្រូវ​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា: “ចូរ​នាំ​យក​ពពែ​ឈ្មោល សំរាប់​ធ្វើ​ជា​យញ្ញបូជា​រំដោះ​បាប ព្រម​ទាំង​កូន​គោ និង​កូន​ចៀម​មួយ ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៤ ហើយ​យក​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ថ្វាយ​ព្រះអម្ចាស់ ជា​យញ្ញបូជា​មេត្រីភាព រួម​ជា​មួយ​តង្វាយ​ម្សៅ​លាយ​នឹង​ប្រេង ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះអម្ចាស់​នឹង​បង្ហាញ​ព្រះអង្គ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា”»។
៥ ជន​ជាតិ​អ៊ីស្រាអែល​នាំ​យក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​បង្គាប់ មក​ដាក់​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។ សហគមន៍​ទាំង​មូល​នាំ​គ្នា​ចូល​មក​ឈរ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់៦ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្វី​ៗ​ដែល​ព្រះអម្ចាស់​បង្គាប់ ចូរ​នាំ​គ្នា​ធ្វើ​តាម​ទៅ នោះ​ព្រះអម្ចាស់​នឹង​សំដែង​សិរីរុងរឿង​អោយ​អ្នក​រាល់​គ្នា​ឃើញ»។ ៧ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជិត​អាសនៈ​ធ្វើ​យញ្ញបូជា​រំដោះ​បាប​របស់​បង និង​រំដោះ​បាប​របស់​ប្រជាជន ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​សូម​ព្រះអង្គ​លើកលែង​ទោស​បង និង​ប្រជាជន អោយ​បាន​រួច​ពី​បាប​ដែរ។ ចូរ​ថ្វាយ​តង្វាយ​របស់​ប្រជាជន ហើយ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​ពួក​គេ ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់»។
៨ លោក​អើរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនៈ ហើយ​ចាក់​ក​កូន​គោ សំរាប់​រំដោះ​បាប​របស់​លោក​ផ្ទាល់។ ៩ កូន​របស់​លោក​លើក​ឈាម​សត្វ​ជូន​លោក ហើយ​លោក​ក៏​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម រួច​លាប​លើ​ស្នែង​អាសនៈ។ បន្ទាប់​មក លោក​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​អាសនៈ។ ១០ លោក​ដុត​ខ្លាញ់ ក្រលៀន និង​អ្វី​ៗ​ដែល​ជាប់​នឹង​ថ្លើម​របស់​សត្វ សំរាប់​ធ្វើ​យញ្ញបូជា​រំដោះ​បាប​នោះ នៅ​លើ​អាសនៈ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ ១១ រីឯ​សាច់ និង​ស្បែក លោក​យក​ទៅ​ដុត​នៅ​ក្រៅ​ជំរំ។
១២ លោក​អើរ៉ុន​ចាក់​ក​ចៀម​ឈ្មោល ដែល​ជា​តង្វាយ​ដុត​ទាំង​មូល។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ១៣ ពួក​គេ​យក​សាច់​ដែល​កាប់​ជា​ដុំ​ៗ និង​ក្បាល មក​ជូន​លោក ហើយ​លោក​ដុត​វា​នៅ​លើ​អាសនៈ។ ១៤ លោក​លាង​ពោះវៀន និង​លាង​ជើង​របស់​វា រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។
១៥ បន្ទាប់​មក លោក​យក​តង្វាយ​របស់​ប្រជាជន​ថ្វាយ​ព្រះអម្ចាស់ គឺ​លោក​យក​ពពែ​ឈ្មោល​ដែល​ប្រជាជន​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប​មក ហើយ​ចាក់​ក​វា ថ្វាយ​ដូច​យញ្ញបូជា​រំដោះ​បាប​មុន​ដែរ។ ១៦ លោក​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តាម​ក្បួន​ច្បាប់។ ១៧ លោក​ថ្វាយ​តង្វាយ​ម្សៅ ដោយ​យក​ម្សៅ​មួយ​ក្ដាប់​ដុត​នៅ​លើ​អាសនៈ បន្ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ថ្វាយ​នៅ​ពេល​ព្រឹក។ ១៨ លោក​ចាក់​ក​គោ​បា និង​ចៀម​ឈ្មោល ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ១៩ ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន ក្រលៀន និង​ថ្លើម ២០ ដាក់​នៅ​លើ​សាច់​ទ្រូង ហើយ​លោក​អើរ៉ុន​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ។ ២១ បន្ទាប់​មក លោក​អើរ៉ុន​លើក​សាច់​ទ្រូង និង​ភ្លៅ​ស្ដាំ ថ្វាយ​ព្រះអម្ចាស់ ដូច​លោក​ម៉ូសេ​បាន​បង្គាប់។ ២២ ក្រោយ​ពី​បាន​ថ្វាយ​យញ្ញបូជា​រំដោះ​បាប​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព ចប់​សព្វ​គ្រប់​ហើយ លោក​អើរ៉ុន​លើក​ដៃ​ជូន​ពរ​ប្រជាជន រួច​ចុះ​មក​វិញ។
២៣ លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ចូល​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជាជន។ ពេល​នោះ សិរីរុងរឿង​របស់​ព្រះអម្ចាស់​លេច​មក​អោយ​ប្រជាជន​ទាំង​មូល​ឃើញ ២៤ គឺ​មាន​ភ្លើង​ចេញ​ពី​ព្រះអម្ចាស់​ឆេះ​តង្វាយ​ដុត​ទាំង​មូល និង​ដុំ​ខ្លាញ់ នៅ​លើ​អាសនៈ។ ពេល​ប្រជាជន​ទាំង​មូល​ឃើញ​ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរសាទរ រួច​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។