១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​បំពាន​លើ​វិន័យ​ព្រះអម្ចាស់ គឺ​បំបាត់​វត្ថុ​អ្វី​មួយ​ពី​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​បន្លំ​យក​របស់​ដែល​គេ​យក​មក​ផ្ញើ​ទុក ឬ​លួច​យក​របស់​គេ ឬ​កំហែង​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​ខ្លួន ៣ ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទបាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ៤ មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​អោយ​ម្ចាស់​ដើម​វិញ។ ៥ អ្នក​នោះ​ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស​ នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។ ៦ បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​បូជាចារ្យ​សំរាប់​ថ្វាយ​ព្រះអម្ចាស់ ដោយ​គិត​តាម​តម្លៃ​យញ្ញបូជា​លោះ​បាប។ ៧ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ លោក​បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​នឹង​អត់ទោស​អោយ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។
ច្បាប់​សំរាប់​បូជាចារ្យ:
ការ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល
៨  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ៩ «ចូរ​បង្គាប់​អើរ៉ុន និង​កូន​ៗ​របស់​គាត់​ដូច​ត​ទៅ:
នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល*: ត្រូវ​ទុក​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ ពេញ​មួយ​យប់​រហូតទល់​ភ្លឺ ហើយ​ត្រូវ​ថែ​ភ្លើង​អោយ​ឆេះ​រហូត។ ១០ បូជាចារ្យ​ត្រូវ​ពាក់​អាវ​វែង និង​ស្លៀក​ខោ​ខ្លី​ធ្វើ​ពី​ក្រណាត់​ទេសឯក ហើយ​កើប​ផេះ​ដែល​បាន​មក​ពី​ការ​បូជា​តង្វាយ​ដុត​ទាំង​មូល​នោះ​ចេញ​ពី​អាសនៈ យក​វា​ទៅ​ដាក់​នៅ​ក្បែរ​អាសនៈ។ ១១ បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​សម្លៀកបំពាក់ រួច​យក​ផេះ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ចាក់​នៅ​កន្លែង​មួយ​បរិសុទ្ធ*។ ១២ ត្រូវ​អោយ​ភ្លើង​នៅ​លើ​អាសនៈ​ឆេះ​រហូត គឺ​មិន​ត្រូវ​អោយ​រលត់​ឡើយ។ រាល់​ព្រឹក បូជាចារ្យ​ត្រូវ​តែ​ថែម​អុស ហើយ​ដាក់​តង្វាយ​ដុត​ទាំង​មូល​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​នៃ​យញ្ញបូជា​មេត្រីភាព​ថែម​ទៀត​ផង។ ១៣ ត្រូវ​ទុក​ភ្លើង​អោយ​ឆេះ​នៅ​លើ​អាសនៈ​ជានិច្ច គឺ​មិន​ត្រូវ​អោយ​រលត់​ឡើយ»។
ការ​ថ្វាយ​តង្វាយ​ម្សៅ
១៤ «នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​តង្វាយ​ម្សៅ: កូន​ៗ​របស់​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​នៅ​មុខ​អាសនៈ។ ១៥ បូជាចារ្យ​មួយ​រូប​យក​ម្សៅ​ម៉ដ្ដ​មួយ​ក្ដាប់ ព្រម​ទាំង​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ រួច​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំលឹក ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់១៦ រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​អើរ៉ុន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​មាន​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ ក្នុង​ទីលាន​ពន្លា​ជួប​ព្រះអម្ចាស់។ ១៧ មិន​ត្រូវ​ដុត​នំបុ័ង​នេះ​លាយ​ជា​មួយ​មេ​ឡើយ ដ្បិត​ជា​ចំណែក​ដែល​ព្រះអម្ចាស់​យក​ចេញ​ពី​តង្វាយ​ដុត សំរាប់​ពួក​គេ។ នេះ​ជា​ចំណែក​ដ៏វិសុទ្ធ*​បំផុត ដូច​យញ្ញបូជា​រំដោះ​បាប និង​យញ្ញបូជា​លោះ​បាប​ដែរ។ ១៨ មាន​តែ​ប្រុស​ៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​អើរ៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​តង្វាយ​របស់​ព្រះអម្ចាស់ ទុក​សំរាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វី​ៗ​ដែល​ប៉ះ​តង្វាយ​ទាំង​នេះ​នឹង​បាន​វិសុទ្ធ»។
១៩  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២០ «នៅ​ពេល​អើរ៉ុន និង​កូន​ៗ​របស់​គាត់​ទទួល​ការ​ចាក់​ប្រេង​តែងតាំង​ជា​បូជាចារ្យ ពួក​គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​ទម្ងន់​មួយ​ភាគ​ដប់​នៃ​អេផា*​មក​ថ្វាយ​ព្រះអម្ចាស់ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍ គឺ​ពាក់​កណ្ដាល​ថ្វាយ​ពេល​ព្រឹក ហើយ​ពាក់​កណ្ដាល​ទៀត​ថ្វាយ​ពេល​ល្ងាច។ ២១ ត្រូវ​យក​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង រួច​ចាក់​វា​ដុត​ក្នុង​ពុម្ព។ លុះ​នំ​ឆ្អិន​ហើយ ត្រូវ​កាត់​ជា​ដុំ​ៗ មុន​នឹង​លើក​ថ្វាយ​ព្រះអម្ចាស់ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអង្គ។
២២ កូន​របស់​អើរ៉ុន ដែល​ទទួល​ការ​ចាក់​ប្រេង​តែងតាំង​ជា​មហា​បូជាចារ្យ*​បន្ត​ពី​គាត់ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ដែរ គឺ​ជា​តង្វាយ​ដែល​ត្រូវ​តែ​ដុត​ទាំង​អស់ ថ្វាយ​ព្រះអម្ចាស់ ជា​រៀង​រហូត។ ២៣ នៅ​ពេល​បូជាចារ្យ​ថ្វាយ​តង្វាយ​ម្សៅ ត្រូវ​តែ​ដុត​ទាំង​អស់​ថ្វាយ​ព្រះអម្ចាស់ គឺ​មិន​ត្រូវ​ទុក​បរិភោគ​ឡើយ»។
ការ​ថ្វាយ​យញ្ញបូជា​រំដោះ​បាប
២៤  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៥ «ចូរ​ប្រាប់​អើរ៉ុន និង​កូន​ៗ​របស់​គាត់​ដូច​ត​ទៅ:
នេះ​ជា​ក្រឹត្យវិន័យ*​ស្ដី​អំពី​ការ​ថ្វាយ​យញ្ញបូជា​រំដោះ​បាប: ចូរ​ចាក់​ក​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ*​បំផុត។ ២៦ បូជាចារ្យ​ដែល​ថ្វាយ​យញ្ញបូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទីលាន​នៃ​ពន្លា​ជួប​ព្រះអម្ចាស់។ ២៧ អ្វី​ៗ​ដែល​ប៉ះ​នឹង​សាច់​របស់​សត្វ​នោះ​នឹង​បាន​វិសុទ្ធ។ ប្រសិន​បើ​មាន​ឈាម​ខ្ទាត​ប្រឡាក់​អាវ ត្រូវ​លាង​កន្លែង​ប្រឡាក់​នោះ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ។ ២៨ ប្រសិន​បើ​គេ​ចំអិន​សាច់​ក្នុង​ថ្លាង​ដី ក្រោយ​ពី​ចំអិន​រួច ត្រូវ​តែ​បំបែក​ថ្លាង​នោះ​ចោល។ ប្រសិន​បើ​គេ​ចំអិន​សាច់​ក្នុង​ថ្លាង​លង្ហិន​ក្រោយ​ពី​ចំអិន​រួច ត្រូវ​តែ​យក​ថ្លាង​ទៅ​ដុស និង​លាង​ក្នុង​ទឹក។ ២៩ ក្នុង​ក្រុម​គ្រួសារ​របស់​បូជាចារ្យ មាន​តែ​ប្រុស​ៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។ ៣០ រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទីសក្ការៈ​នៃ​ពន្លា​ជួប​ព្រះអម្ចាស់ សំរាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។